អភិបាលខេត្តបន្ទាយមានជ័យ ផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

ឯកឧត្តមអភិបាល បានលើកឡើងនៅក្នុងឱកាស លោកនិងក្រុមការងារបានចូលរួមពិនិត្យ វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅទីតាំងរក្សាទុកព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។
លោកបានថ្លែងថា សម្រាប់ដំណើរប្រឡង គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកបានបន្តថា ចំពោះបេក្ខជន បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះ រិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។

លោកបន្តថា ការប្រឡងនេះគឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ។

លោកបន្តថា សូមជូនពរ កូនក្មួយថ្នាក់ទី១២ទាំងអស់ ប្រឡងឲ្យបានជាប់ទាំងអស់គ្នា ហើយទទួលបាននិទ្ទេសល្អៗថែមទៀតផង! ដើម្បីអនាគត់របស់កូនៗ គ្រួសារកូនៗ ពិសេសសង្គមជាតិរបស់យើង សំបូរទៅដោយធនធានមនុស្សល្អ។
កុំភ្លេច ,ត្រូវរក្សាសុខភាពឲ្យបានល្អ ហូបអាហារឲ្យបានត្រឹមត្រូវ និង ចូលគេង ឲ្យបានគ្រប់គ្រាន់ ។
ជូនពរ ជោគជ័យណាកូនៗបេក្ខជនប្រឡងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។
សម្រាប់ថ្ងៃប្រឡងចាប់ពីស្អែកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ។

បើយោងតាមក្រសួងអប់រំ យុវជន និងកីឡា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌល ១ ៦១៦ បន្ទប់ និងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៧ មណ្ឌល ៤ ០២០ បន្ទប់ សរុបចំនួន ២៣០ មណ្ឌល ត្រូវជា ៥ ៦៣៦ បន្ទប់ ដែលបែងចែកតាមរាជធានី-ខេត្ត ក្នុងនោះ ខេត្តបន្ទាយមានជ័យមាន ០៨ មណ្ឌល ២៥៤ បន្ទប់ ថ្នាក់៖ វិទ្យាសាស្ត្រ មាន ០៣ មណ្ឌល ៧៥ បន្ទប់ ។ មណ្ឌលប្រឡងនីមួយៗ រួមមានដូចខាងក្រោម៖
១.មណ្ឌល វិ.សិរីសោភ័ណ (ខាងលិច)
៣.មណ្ឌល សាកលវិ.គ្រប់គ្រង និងសេដ្ឋកិច្ច(បជ) (ខាងលិច)
២.មណ្ឌល វិ.សម្តេចឪ (បជ)(ខាងត្បូង)
៤.មណ្ឌល វិ.សកពន អូរអំបិល ជាប់របង (ខាងលិច)
៥.មណ្ឌល អនុវិ.ទឹកថ្លា (ខាងជើង)
៦.មណ្ឌល បឋម.ហស សូភី (ខាងកើត)
៧.មណ្ឌល វិ.ហស ខ្លាកូន (ខាងលិច)
៨.មណ្ឌល សាកលវិ.ជាតិមានជ័យ (ខាងកើត) ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *