ក្រចេះ÷គ្រាប់ស្រូវពូជចំនួន ៦០០ តោនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចែកជូនដល់បងប្អូនប្រជាកសិករចំនួន ៦១១៩ គ្រួសារក្រុងស្រុកចំនួន ៥ នៃខេត្តក្រចេះដែលបានរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងដើម្បីដាំស្តារឡើងវិញឱ្យបានទាន់ពេលវេលា។ ជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀងកាលពីខែកញ្ញា កន្លងទៅនេះបានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន ៥៨៧២ ហិកតា និងដំណាំផ្សេងៗទៀត។
សកម្មភាពនៃការចែកពូជស្រូវជូនប្រជាពលរដ្ឋដើម្បីដាំស្តារឡើងវិញនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៦ ខែតុលា តាមបណ្តាឃុំនៃស្រុកនានារបស់ខេត្តក្រចេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែតុលា នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ ដើម្បីបងប្អូនប្រជាកសិករទទួលបានគ្រាប់ពូជស្រូវបានឆាប់រហ័ស និងអាចយកទៅដាំស្តារឡើងវិញបានទាន់ពេលវេលា។
ក្នុងពិធីចែកស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៣២៥ គ្រួសារនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាកសិករ និងបានដាក់ចុះនូវវិធានការអន្តរាគមន៍ នានាដើម្បីជួយប្រជាកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានបង្ហាញការសោកស្តាយចំពោះគ្រោះធម្មជាតិនេះនិងបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងខេត្តក្រចេះបន្តខិតខំប្រឹងប្រែងដាំស្តារឡើងវិញនូវដំណាំស្រូវរបស់ខ្លួនឱ្យបានទាន់ពេលវេលាជាមួយគ្រាប់ពូជស្រូវដែលរាជរដ្ឋាភិបាលផ្តល់ជូន។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្មដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានផ្សព្វផ្សាយនិងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះឱ្យបានទិន្នផលខ្ពស់។