មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចថ្មើរជើងលេខ ៥៣៣ វគ្គហ្វឹកហ្វឺននៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើង លេខ៥៣ ឆ្នាំ២០២៤

បាត់ដំបង÷នៅថ្ងៃសុក្រ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៣ វគ្គហ្វឹកហ្វឺននៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍.ឯក (ឯក សំអូន) មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។

សូមបញ្ជាក់ផងដែរថា វគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចថ្មើរជើង លេខ(៥៣៣) វគ្គហ្វឹកហ្វឺននៅនឹងកន្លែង លទ្ធផលចំណាត់ថ្នាក់ជារួម-និទ្ទេសល្អ ចំនួន ១៩នាក់ ស្មើ ២៣,៧៥%
-និទ្ទេសល្អបង្គួរ ចំនួន ៤៤នាក់ ស្មើ ៥៥,០០%
-និទ្ទេសមធ្យម ចំនួន ១៧នាក់ ស្មើ ២១,២៥%

និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ មានសិក្ខាកាម ចំនួន( ៣០០)នាក់ សិក្សារយៈពេល( ៩១)ថ្ងៃ។

មានមតិសំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ឯក សំអូន បានលើកឡើងថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈ កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។  ត្រូវប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ ឯក( ឯក សំអូន) បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបើកនិងបិទវគ្គ ចំនួន ២.០០០.០០០រៀល និងប្រកាសបិទវគ្គ និងបើកវគ្គចាប់ពីពេលនេះតទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *