សាលា​ដំបូង​ភ្នំពេញ​ណែនាំ​លោក​ផែង វណ្ណៈ ក្នុង​ករណី​ដែល​មិន​យល់ ឬ​ឆ្ងល់ ត្រូវ​សាកសួរ​ព័ត៌មាន​ឲ្យ​ច្បាស់​មុន​ផ្សព្វផ្សាយ

ភ្នំពេញ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ​, Pheng Vannak News និង PVN News ក្នុង​ករណី​ដែល​មិន​យល់ ឬ​ឆ្ងល់ ត្រូវ​ធ្វើ​ការ​សាកសួរ​ព័ត៌មាន​ពី​អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យ​បាន​ច្បាស់​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​សរសេរ និង​បង្ហោះ​ផ្សព្វផ្សាយ​ទៅ ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​។ តុលាការ​ភ្នំពេញ​ក៏​បាន​ព្រមាន​ថា ការ​ផ្សព្វផ្សាយ​ដែល​បង្កប់​នូវ​ចេតនា​ទុច្ចរិត ញុះញង់ ធ្វើ​ឱ្យ​ចលាចល​ក្នុង​សង្គម និង​ការ​ផ្សព្វផ្សាយ​ដែល​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​សម្រេច​តុលាការ ជា​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

តុលាការ​រាជធានី​ព្រមាន​ដូច្នេះ ដោយ​ហេតុថា គណនី​ហ្វេសប៊ុក​របស់​លោក ផែង វណ្ណៈ​ទាំង​៣​ខាង​លើ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​ជន​ជាតិ​ចិន​ម្នាក់​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​បុគ្គល​នោះ​អនុវត្ត​ទោស​ទណ្ឌ​ចប់​សព្វ​គ្រប់​រយៈ​ពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លានរៀល ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទំព័រ​ហ្វេសប៊ុក​ទាំង​៣ របស់​លោក ផែង វណ្ណៈ បាន​ផ្សព្វផ្សាយ​ថា «​ ១. បទល្មើស​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ ញៀន ជាប់​គុក​តែ ២ ឆ្នាំ ពិន័យ​៤​លាន​រៀល ម្ដេច​បាន​ទោស​ស្រាល​ម៉្លេះ​? សុំទោស​ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ទេ មិន​ហ៊ាន បរិយាយ​អ្វី​ទេ​, ២.ថ្ងៃ​ច័ន្ទ​ស្អែក​ពេល​ល្ងាច​មក​ពី​ខេត្ត​វិញ ចាំ​លម្អិត​ព័ត៌មាន​អំពី​គ្រឿង​ញៀន ២១​គីឡូក្រាម ចៅក្រម​កាត់​ទោស ២​ឆ្នាំ ពិន័យ ៤លាន​រៀល​! ព្រហើន​ណាស់ និង ៣.​សាហាវ​ហួស​ថ្លែង​គ្រឿងញៀន​២១​គីឡូ ក្រាម​ជាប់ គុក​២ឆ្នាំ »​។

ពាក់ព័ន្ធ​នឹង​ករណី​ចេញ​ផ្សាយ​ដោយ​ភាន់ច្រឡំ ឬ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​នេះ តុលាការ​រាជធានី​ភ្នំពេញ​បំភ្លឺ​ថា ករណី​ជនជាតិ​ចិន​ដែល​អនុវត្ត​ទោស​ចប់ និង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ជា​ករណី​ផ្សេង​ពី​ករណី​មួយ​ទៀត ដែល​ជន​ល្មើស​ជន​ជាតិ​ចិន​ដែរ ប៉ុន្តែ​ជា​បទ​ល្មើស​រក្សាទុក និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២២ ហើយ​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ជនជាតិ​ចិន​នោះ អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់ ៨០ ០០០ ០០០ (ប៉ែត​សិប​លាន) រៀល​។

បើ​តាម​របាយការណ៍​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​ថា បន្ទាប់​ពី​ឃាត់​ខ្លួន​និង​សួរ​នាំ​លើ​ជន​ជាតិ​ចិន​ដែល​ត្រូវ​ជាប់​គុក​២​ឆ្នាំ បាន​តម្រុយ​ហើយ ទើប​សមត្ថកិច្ច​បន្ត​ឆែកឆេរ​លំនៅ​របស់​ជនជាតិ​ចិន​ម្នាក់​ទៀត ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​បាន​រក​ឃើញ​សារធាតុ​ញៀន​ជាង​២១​គីឡូក្រាម​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *