សមត្ថកិច្ច បំបែកសំណុំរឿងធ្វើទារុណកម្មបណ្ដាលឱ្យបុរសម្នាក់ស្លាប់ នៅខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនជាតិចិន និងខ្មែរចំនួន ៧នាក់

ភ្នំពេញ​៖​ មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០នាទីព្រឹក ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោក​វរសេនីយ៍ឯក​ ឆាន​ គីលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។

ករណីនេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ៧នាក់ រួមមាន ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន, ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន, ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន, ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន, ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវបន្ដ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *