កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ ស្ដីពីករណី ចោរលួចម៉ូតូ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកវត្ថុតាងម៉ូតូ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី( នួន នីណារ៉ូ) មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីធ្វើការស្ដាប់ចម្លើយជនសង្ស័យ កម្លាំងជំនាញទទួលបានតម្រុយនៃបទល្មើសពាក់ព័ន្ធលួចម៉ូតូ ហើយយកទៅលក់នៅកន្លែងទទួលទិញនិងបញ្ចាំមួយកន្លែង។

បន្ទាប់មក លោកវរៈសេនីយ៍ត្រី(នួននីណារ៉ូ) មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី( បោន ប៊ិន )មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  សុំគោលការណ៍ និងសម្របសម្រួលនីតិវិធីពី ឯកឧត្ដម( កើត វណ្ណារ៉េត) ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែងនោះស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី( គង់ រិទ្ធា) មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ ពេលកម្លាំងត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើនោះរកឃើញមានម៉ូតូចំនួន៣១គ្រឿង និងម៉ូតូកង់បីចំនួន០១គ្រឿងផងដែរ។ ចំណែកឯជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី( នួន នីណារ៉ូ )បានឱ្យដឹងទៀតថា ចំពោះវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម។

ចំណែកជនសង្ស័យក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយរាល់សកម្មភាពលួចម៉ូតូបានខ្លួនតែងតែយកទៅលក់ឱ្យហាងបញ្ចាំខាងលើ។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួន​ ចាត់តាមនីតិវិធី​។

លោកវរសេនីយ៍ឯក( ម៉ែន ភិរម្យ) មេបញ្ជាការ រង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី(បោន ប៊ុន) មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង (សូមអរគុណ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *