ពលករខ្មែរ៤នាក់បានបាត់ជីវិត និងថៃ៤នាក់របួសធ្ងន់ស្រាល ក្នុងសោកនាដកម្មឡានមេខ្យល់ថៃបុកជាមួយឡានថៃបើកក្បែរព្រំដែនស្រុកខ្លងហាត ខេត្តស្រះកែវ

ថៃ ៖ ពលករខ្មែរចំនួន៤នាក់បានស្លាប់បាត់បង់ជីវិត ចំណែកជនជាតិថៃ១គ្រួសារបានរងរបួសធ្ងន់ស្រាលចំនួន៤នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមេខ្យល់ថៃដឹកពលករខ្មែរបើកលឿនបុកជាមួយរថយន្តថៃបើកបរជាលក្ខណៈគ្រួសារក្បែព្រំដែន ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិប្រាំបី ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ។

ប្រភពព័ត៌មានថៃបានផ្សាយថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្បែរព្រំដែន ដោយរថយន្តមេខ្យល់ថៃដឹកពលករខ្មែរបុកជាមួយរថយន្តថៃជិះជាលក្ខណៈគ្រួសារ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤នាក់ដែលស្គាល់អត្តសញ្ញាណជាពលករខ្មែរ និងរងរបួសធ្ងន់ស្រាល៤នាក់ជាជនជាតិថៃដែលកើតឡើងក្បែរព្រំដែនច្រកខៅឌីន ដែលឈមច្រកភ្នំដី ។

ប្រភពព័ត៌មានថៃបានផ្សាយបន្តថា មូលហេតុគ្រោះដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង អាចបណ្តាលមកពីមេខ្យល់ថៃបានដឹកពលករខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ ចេញពីព្រំដែន ដែលមេខ្យល់ថៃបម្រុងនាំទៅរកការងារធ្វើ លុះនៅពេលបើកបរលឿនគេចពីតម្រួតតាមបន្ទាត់ព្រំដែន ទើបបណ្តាលឱ្យបុកជាមួយរថយន្តថៃមួយគ្រឿងទៀតជិះជាលក្ខណៈគ្រួសារ យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តមេខ្យល់ថៃដឹកពលករខ្មែរក្រឡាប់ធ្លាក់ផ្លូវចូលចំការអំពៅ បណ្តាលឱ្យស្លាប់ចំនួន៤នាក់ដែលគេស្គាល់អត្តសញ្ញាណជាពលករខ្មែរ និងភាគីរថយន្តម្ខាងទៀតរបួសធ្ងន់ស្រាល៤នាក់មានក្មេងម្នាក់ដែលជនជាតិថៃបើកបរលក្ខណៈគ្រួសារ ។

សពពលករខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើតាមរយៈមេខ្យល់ខ្មែរនិងថៃដែលចេញពីច្រកភ្នំដីត្រូវបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្រោយពីកម្លាំងសមត្តកិច្ចជំនាញពិនិត្យរួចហើយ នឹងរៀបចំនីតិវិធីតាមរយៈអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ ដឹកជញ្ជូនសាកសពមកច្រកទ្វារព្រំដែន ដើម្បីប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *