លោកជំទាវ បណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង

ប៉ៃលិន៖  ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋានខេត្តគ្រប់ជាន់ថ្នាក់ កងកម្លាំងចម្រុះ និងយុវជន ស ស យ ក បានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មកជាប្រក្រតីឡើងវិញ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវគ្រប់គ្រងដីចំណីផ្លូវចំណីអូនិងស្ទឹងឱ្យបាន ច្បាស់លាស់ ហើយត្រូវអប់រំ ប្រជាពលរដ្ឋឱ្យគោរពច្បាប់ ដោយចៀសវាងការយកដីចំណីផ្លូវចំណីអូនិងស្ទឹងធ្វើជា កន្លែងរស់នៅឬរកស៊ី ដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ ជាពិសេសប្រព័ន្ធលូបង្ហូរទឹកនៅតាមដងផ្លូវ បណ្តាលអោយមានទឹកជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដែលបានសហការបំពេញបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះប៉ះពាល់ដល់អាយុជីវិតនោះទេ ជាពិសេស បានជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ មកជាប្រក្រតីឡើងវិញ។

សូមរំលឹកថា កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀង បានជន់លិចលង់ភ្លាមៗ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ជិត ២០០គ្រួ
សារ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *