បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តបន្ត

កំពង់ធំ ÷នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ   យោធភូមិភាគទី៤​ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៤​ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយ នាយរង ការិយាល័យ ផ្នែកពាក់ព័ន្ធ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើនរូប បានចូលរួមផងដែរ។

លោកវរសេនីយ៍ទោ( ស៊ុន សារិន ) នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៤​ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលអង្គភាពអនុវត្តបានសម្រេចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន និងបានវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើង ព្រមទាំងដាក់ចេញនូវសេចក្តីព្រាងនូវទិសដៅមួយចំនួន ដែលត្រូវអនុវត្តបន្តផងដែរ។

បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ និងបានធ្វើការកែសម្រួល បំពេញបន្ថែមនូវខ្លឹមសារមួយចំនួនក្នុងរបាយការណ៍ និងទិសដៅ ដែលត្រូវអនុវត្តបន្តឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។

ឧត្តមសេនីយ៍ទោ( សោម ស៊ុន )បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយទាហាន នាយទាហានរង​និងពលទាហានទាំងអស់ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងបានកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានអនុវត្តល្អក្នុងការត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ មធ្យោបាយ និងកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម ថែរក្សាសុខសន្តិភាព ជូនប្រជាជន ។

ឧត្តមសេនីយ៍ទោ( សោម ស៊ុន )បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍÷ទី១ បន្តសកម្មភាព ឱ្យដូចភ្លៀងរលឹម ក្នុងកិច្ចការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ឋិភាព ។
ទី២ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន  យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងឱកាសខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ​នៅ​វិមាន​រំលឹក​គុណ​យុទ្ធ​ជន​ពលី​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​  និង​ទី៣ រៀបចំពិធីចាប់ឆ្នោត ទទួលយកដីសម្បទាន​សង្គម​កិច្ច​ និងផ្ទះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនអតីតយុទ្ធជនចំនួន៦៥គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ៕អត្ថបទ ដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *