រដ្ឋបាលស្រុកស្ទោងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតជា ចាន់តូ នៅស្រុកស្ទោង

កំពង់ធំ ÷លោក ព្រំ សោន សមាជិកក្រុមប្រឹក្សាស្រុកនិងលោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានដឹកនាំសមាជិកសមាជិកា មន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ លោកអាចារ្យគណ:កម្មការ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ ព្រមទាំងប្រជាពុទ្ធបរិស័ទ នៅក្នុងស្រុកស្ទោង បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ ២០២៤ នៅបរិវេណវត្តឥន្ទរង្សី ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមជាង៥០០នាក់។

ទាំងនេះសឱ្យឃើញពីការគោរពដឹងនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមបណ្ឌិត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ខេត្តកំពង់ធំ និងស្រុកស្ទោងដែលលោកបានគិតគូរយកចិត្តទុកដាក់ជាមួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសចូលរួមអភិវឌ្ឍនិងកសាងនូវសមិទ្ធផលច្រើនឥតគណនានៅក្នុងស្រុកស្ទោង ដូចជាអគារមន្ទីរពេទ្យ សាលារៀន ផ្លូវ ស្ពាន ថ្នល់ ព្រះវិហារ សាលាឆាន់ និងសមិទ្ធផលជាច្រើនទៀតមិនអាចរៀបរាប់អស់។

ទន្ទឹមនឹងនេះលោកសាយ គឹមឡម ក្នុងនាមថ្នាក់ដឹកនាំស្រុកបានអានសាររំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវខៀវស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារដែលបានបាត់បង់ ប្តី លោកឪពុក ជីតា ជាទីគោរព ជាឥស្សរជនឆ្នើមប្រកបដោយឆន្ទៈមនសិការឧត្តមប្រយោជន៍ជាតិមាតុភូមិ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២៥ខែតុលាឆ្នាំ ២០២៤ ដោយរោគាពាធ គួរឲ្យក្រៀមក្រំនិងអាឡោះអាល័យសោកសង្រេងសោកស្តាយក្រៃលែង។

ជាមួយគ្នានេះក៏មានពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតជា ចាន់តូ សូមបានទៅដល់សុគតិភពកុំបីអាក់ខានឡើយ។

លោកអភិបាលស្រុកស្ទោង បានគោរពកោតសរសើរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមនៅពេលនេះ ហើយលោកបានអំពាវនាវដល់លោកអាចារ្យគណៈកម្មការ គ្រូចៅអធិការវត្ត លោកនាយក លោកគ្រូអ្នកគ្រូ និង គ្រឹះស្ថានសាធារណៈមួយចំនួនសូមដាក់តាំងតម្កល់រូបថតឯកឧត្តមបណ្ឌិតជា ចាន់តូ ដើម្បីជាការគោរពដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកដើម្បីស្រុកស្ទោង៕ដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *