ស្វាយរៀង៖ ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមម្នាក់ ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀង ទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពដូចរឿងហុងកុង តើមន្ត្រីជំនាញអសមត្ថភាព ឬមួយយ៉ាងណា..! ?
ករណីនេះបានកើតឡើងនៅវេលាម៉ោង ០៤និង ២៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងនគបាលពន្ធនាគារខេត្ត បានចុះស្រាវជ្រាវរកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា បានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ សមត្ថកិច្ចបានដឹកនាំកម្លាំធ្វើការឡោមព័ទ្ធផ្ទះសំណាក់ ចំនួន២ ទី១ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ទី២.ផ្ទះសំណាក់ សុខហេង។
ប្រភពបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង ជាលទ្ធផលបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់ ស្រី២នាក់ យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង០៣នាក់ នេះបានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ កន្លះខែមកហើយ និងបានយកបាយម្ហូមឲ្យជនសង្ស័យ នៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ។
ចំណែកជនជាតិវៀតណាមចំនួន០២នាក់ស្រីម្នាក់ បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅចំនួន១អាទិត្យ សមត្ថកិច្ចដាក់ការ សង្ស័យថា ជាជនសង្ស័យទៅរំដោះ ជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមម្នាក់ ដែលត្រូវលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រិតនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់ជាមួយជនសង្ស័យខាងលើ គឺជាប្រពន្ធរបស់ជនសង្ស័យជាឧក្រិដ្ឋជន ដែលជាប់ក្នុងពន្ធនាគារ ខេត្តត្រូវជនសង្ស័យម្នាក់ទៅរំដោះចេញពីពន្ធនាគារឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ទាក់ទិនករណីនេះ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ ភេទប្រុសបានមកសុំមន្ត្រីនគបាលយាមពន្ធនាគារសុំជួបសួរសុខទុក្ខជនសង្ស័យ មន្ត្រីយាមពន្ធនាគារ បាននាំជនសង្ស័យ ពីក្នុងពន្ធនាគារ នៅទ្វាពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វាខាងមុខស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីផ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនសង្ស័យបានកញ្ឆក់យកអាវុធខ្លី ពីជនមករំដោះនោះរួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារតែអត់ផ្ទុះ ខណៈនោះជនសង្ស័យទាំងពីបានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រី ពន្ធនាគារម្នាក់ថ្នាក់វរៈសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ហើយក៏មានមន្ត្រីនគបាលម្នាក់ស្រែកថា វាមានកាំភ្លើងប្រយត្ន័ ខណៈនោះមន្ត្រីនគបាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថភាព។
សមត្ថកិច្ចបានមើលរូបតាមកាម៉ារាសុវត្ថិភាពឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។
បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់រយៈពេលកន្លះខែមកហើយគឺតាំងបុណ្យឆ្លង បុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ។ហើយចំពោះជនជាតិវៀតណាមស្រីប្រុស០២នាក់មកស្នាក់នៅបាន១អាទឹត្យក៏ បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃ។ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មានយើងនារសៀលថ្ងៃទី២៩តុលានេះថា នេះជាការសោកស្តាយ មានភ្ញៀងបរទេស(ជនជាតិវៀតណាមមកស្នាក់រយៈពេល០៧ថ្ងៃ) ហើយប្អូនគាត់មិនបានថតប៉ាស្ព័យភ្ញៀវជនជាតិវៀតណាមទាំងពីនាក់ទុក ដោយកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេគឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក និងមានកូនសិស្សមកគេងទើបច្រឡោះប្រហោងមិនបានថតលិខិតឆ្លងដែន ទុក នេះជាមេរៀនសម្រាប់លើកក្រោយៗទៀត។
ទាក់ទិនករណីនេះដែរ លោកប្រធានពន្ធនាគារខេត្តស្វាយរៀង បានមានប្រសាសន៍តាមទូរសព្ទ័នារសៀលនេះថា លោកមិនអាចផ្តល់ព័ត៌មានបានទេ សមត្ថកិច្ចកំពុងធ្វើការ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ លោក ប្រម៉ាញ់ជាយដែន