សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិកូរ៉េម្នាក់ចេញពីកម្ពុជា និងហាមចូលទឹកដីកម្ពុជាម្តងទៀត

ភ្នំពេញ៖ ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញ កំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះទេ។

តាមការបំភ្លឺ CHOI TAEWON មានគោលបំណងមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមនឹងកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មក មជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ។ ម្យ៉ាងទៀត ករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹង ផងដែរ។

ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបាន ករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្តាយរបស់សាមីខ្លួនបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពី ទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឱ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ។

ករណីនេះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទ បណ្តេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *