{បន្ទាយមានជ័យ}÷ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី{ ជឹម ប៊ុនអាន} មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អញ្ញើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ ) ដែលប្រារព្ធធ្វើនៅសាលធំ សាលាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី នាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង នគរបាលខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ព្រះសង្ឃ និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក ខេត្ត យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស។
ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។
ក្នុងអង្គពិធីទាំងមូល សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕