ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី {រៀម សរ }ស្នងការរងផែនការងារ សេនាធិការ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ{ ខូវ លី} ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំ លោក-ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអធិការនគរបាលក្រុងស្រុកទាំង០៥ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងកម្លាំងនគរបាលចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ ខេត្តឧត្តរមានជ័យ។
រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ០៩ វិច្ឆិកា ១៩៥៣/០៩ វិច្ឆិកា ២០២៤ ។ ក្រោមអធិបតីភាព ឯកឧត្តម {សុី ប្រាសិទ្ធ} ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម{ មាន ចាន់យ៉ាដា} អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ។
អាជ្ញាធរខេត្តឧត្ដរមានជ័យ បានប្រារព្ធពិធីថ្វាយកម្រងផ្កា និងបាននិមន្តព្រះសង្ឃសូត្រមន្ត ឧទ្ទិសមហាកុសលថ្វាយជូនដល់ព្រះបរមរតនកោដ្ឋ ដើម្បីជាការគោរពដឹងគុណចំពោះព្រះអង្គ ដែលបានបំពេញព្រះរាជកិច្ច និងបានធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យជាតិវិញនៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។