អង្គភាពប្រឆាំងអំពេីពុករលួយ(ACU)​ ឃាត់ខ្លួនអតីតអភិបាលស្រុកល្វាឯម ករណីយកលុយចំនួន​ ៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែង

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

សេចក្តីរាយការណ៍ដែលទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក កន​ សុខកាយ បានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។

ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *