កម្លាំងសមត្ថកិច្ចជិត ២ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ ក្នុងព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក..!?

ភ្នំពេញ៖ យោងតាមការឱ្យដឹងពីកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានអង្គរក្ស បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចំនួន ១៦, ៧៥៨នាក់ នឹងត្រូវដាក់ពង្រាយក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ពីក្នុងកិចុ្ចប្រជុំ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះចំនួន ១៦, ៧៥៨នាក់ មកពី១៦ស្ថាប័នអង្គភាព ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានកងទ័ពជើងទឹក យោធភូមិភាគពិសេស និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។ កម្លាំងសមត្ថកិច្ចទាំងអស់ នឹងត្រូវបែងចែកទៅតាមទីតាំងប្រារព្ធពិធី និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ចំណតទូក និងមណ្ឌលស្នាក់នៅកីឡាករចំណុះទូកតាមរាជធានី-ខេត្ត។

សម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង ក្នុងនោះមានទូកអុំចំនួន ១៧០គ្រឿង ទូកចែវ ៤៥គ្រឿង និងទូកខ្នាតអន្តរជាតិចំនួន ១៣១គ្រឿង មានចំណុះទូកចំនួន ២១៩៤៦នាក់ ចំណុះទូកបុរសចំនួន ១៧, ៤៦៩នាក់ (ត្រៀម៤, ២៦៩នាក់) និងចំណុះទូកនារីចំនួន ១០៦នាក់(ត្រៀម១០២នាក់)។

ចំណែកប្រទីបដែលនឹងត្រូវចូលរួមបណ្តែតអបអរសាទរព្រះរាជពីធីបុណ្យ មានចំនួន ៣៦ប្រទីប មកពីស្ថាប័នផ្សេងៗ ដូចជាប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសូងមហាផ្ទៃ និងគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
………………………………………………….

You might like

Leave a Reply

Your email address will not be published. Required fields are marked *