រដ្ឋបាលខេត្តប៉ៃលិន ធ្វើវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០..!?

ប៉ៃលិន៖ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកប​ដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តប៉ៃលិន រយៈពេល ២ថ្ងៃ (១១/១២ ខែវិច្ឆិកា ឆ្នាំ២០២៤) ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច​ចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម {ជា ចាន់ឌិន} ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត {បាន ស្រីមុំ }អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
ថ្លែងបើកអង្គពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ «ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជ​រដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ច​ដំណើរការ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់»។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការរៀបចំវេទិការនេះ គឺដើម្បីពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ រួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់​ដំណោះ​ស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈ​ការ​ឱ្យកាន់តែប្រសើរឡើង ដោយវេទិកានេះ នឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់ ៣ឆ្នាំម្តង ដោយចាប់ផ្តើម​អនុវត្ត​ដំបូងនា​ឆ្នាំនេះផងដែរ ហើយយ៉ាងណាមិញ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង​សំខាន់​ក្នុងការ​ចូល​រួម​ថែ​រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ច​មូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការ​ប្រជាពលរដ្ឋចំ​គោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់​គុណភាព​ជីវិតរស់នៅ ។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិត {បាន ស្រីមុំ} បានមានប្រសាសន៍ស្នើសុំឱ្យអង្គវេទិកាទាំងមូល មន្ទីរ/អង្គភាព/​ស្ថាប័ន​នានា ពិសេសអង្គក្រុមប្រឹក្សានីមួយៗ នៅថ្នាក់ក្រោមជាតិ ​ដែលសុទ្ធតែពាក់ព័ន្ធក្នុងការចូលរួម​អនុវត្តកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណា មិនត្រូវស្ទាក់ស្ទើរ ឬខ្លាចប៉ះពាល់ ក្នុងការលើកឡើង និងលើកយកមកឱ្យ​អស់នូវរាល់បញ្ហាប្រឈមជាក់ស្តែង ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីដាក់ជូនអង្គវេទិកា ក្នុងការដោះស្រាយទាំងអស់គ្នា ដើម្បីឈានទៅរកដំណោះស្រាយរួមមួយឱ្យបានសមស្រប និងជាក់លាក់បំផុតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *