តើតំណែងលោកផ្កាយ១ សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ អាចរក្សាបានទេ ? ខណ:ផ្ទុះរឿងពុករលួយរើសប៉ូលីស

បន្ទាយមានជ័យ : ក្រោយបែកធ្លាយរឿងអាស្រូវពុករលួយយកលុយគេអោយចូលក្របខ័ណ្ឌនគរបាលជាតិកាលពីដើមឆ្នាំ២០២៤ មកទល់ដើមខែវិច្ឆិកានេះ ទើបមានតម្រុយថា ខាងស្នងការដ្ឋាន និងថ្នាក់លើ ពិតជាបានកំពុងស្នើដកហូតតំណែងលោកផ្កាយ១វ័យក្មេង សម្បត្តិ កុសល ជាស្នងការរងម្នាក់នៃ នគរបាល ខេត្តបន្ទាយមានជ័យ ។

ការស្នើនេះ បន្ទាប់ពីមានរឿងមិនប្រក្រតីថ្មីផ្សេងទៀត កាលពីថ្មីៗនេះ នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបង្ហើបប្រាប់បណ្តាញសារព័ត៌មានយើង ។

ប្រភព ខាងលើនោះអោយដឹងថា៖ ករណីបែកធ្លាយសម្លេងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ កាលពីចុងខែមីនា ឆ្នាំ២០២៤ ដែលថា លោកបានរត់ការចូលក្របខ័ណ្ឌនគរបាលជាតិក្នុងម្នាក់ៗតម្លៃ២ ទៅ ៣ម៉ឺន កន្លងមកត្រូវបានសារព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយខ្លឹមសារ សារសម្លេង និងរូបថត។

លោក សម្បត្តិ កុសល និងលោកស្រី រ៉ាំង ភីរម្យ ជាភរិយា សុទ្ធតែបន្ទរគ្នាស្មើដៃ ធ្វើទីផ្សារ ជ្រែ និងផ្សាយឃោសនាទាក់ទាញម៉ូយៗ អោយចូល ក្របខ័ណ្ឌ ប៉ូលីស។

ក្នុង សារសម្លេងបែកធ្លាយ លោកស្រីបានអួតថា : ” ប្តី ខ្លួន មានសមត្ថភាពប៉ុនណា អាចដឹងហើយ ? ទើបតែអាយុ៣៨ឆ្នាំសោះ តែបានពាក់ផ្កាយ១ហើយ គឺវ័យក្មេងជាងគេ ក្នុងចំណោមស្នងការរងដទៃទៀត នៅបន្ទាយមានជ័យ ។ ចំណែកស្នងការរងផ្សេងទៀត យ៉ាងតិចក៏អាយុ៥០ឆ្នាំដែរ ទើបបានផ្កាយ១។
ចឹងសូមបងប្អូន រួសរាន់ចូលប៉ូលីសទៅ ។ ធ្វើប៉ូលីសល្អណាស់ មានអំណាច ងាយរកកន្លែងល្អៗ ចង់ដូរទៅក្របខ័ណ្ឌផ្សេងក៏បាន ហើយចូលតាមប្តីរបស់ខ្លួន លឿនជាងគេហ្មង បានក្របខ័ណ្ឌ។

លោកស្រី រ៉ាំង ភីរម្យ បាននិយាយក្នុងសារសម្លេងនោះថា : ជាក់ស្តែងកន្លងមកនេះ ប្តីខ្លួនរត់ការចូលក្របខ័ណ្ឌនគរបាលជាតិអោយបងប្អូនម្នាក់ នៅបន្ទាយមានជ័យនិងនៅស្រុកម៉ាឡៃ “ ។

ចំណែកសារសម្លេងបែកធ្លាយ លោកសម្បត្តិ កុសល វិញក៏មានអំណួតដែរថា “ បើចូលក្របខ៏ណ្ឌតាមខ្លួនវារាងថ្លៃ ពី២ក្រាសទៅ៣ម៉ឺនដុល្លារ ក្នុងម្នាក់ៗ
បើចង់បានធូរថ្លៃ ទាល់តែប៉ះអ្នកបោក បើខ្ញុំ ហ្សីនៗ ហ្មង គឺមួយដឹងមួយ យកលុយគេ ធ្វើការគេអត់បាន រឿងរ៉ាវច្រើនណាស់ “ ។
សម្លេងនោះបានបន្តថា: “ បើអត់សញ្ញាប័ត្របាក់ឌុប លោកក៏អាចអោយគេធ្វើបានដែរ តែត្រូវអស់លុយជាង១០០០ដុល្លា កន្លងមកលោកបានធ្វើអោយ កូនមិត្តភក្តិម្នាក់ អោយមានបាក់ឌុប មានបាក់ឌុបចូលបានស័ក្ត១ តែម្តង “។
សម្លេងនោះបានបន្តថា: “ បើនៅប៉ោយប៉ែតតំបន់សេដ្ឋកិច្ច កូនគេអ្នកមាន ចូលប៉ូលីស គេហ៊ានថ្លៃ៣ម៉ឺន ឯណោះ “ ។

សូមរំលឹកដែរថា ក្រោយបែកធ្លាយសារសម្លេងនោះ សារព័ត៌មានក័ចុះផ្សាយនិងបណ្តាញសង្គមបានស៊ែរ ផ្សាយបន្តព្រោងព្រាតដោយភ្ជាប់ទៅរឿងលោកសម្បត្តិ កុសល ដែលជាអតីតអធិការនគរបាលស្រុកតាវែងខេត្តរតនគិរី បានប្រព្រឹត្តហឹង្សារ បាញ់បោះសេរី ប្រើអំណាចគម្រាមលើកូនចៅនៅស្រុកតាវែង ហើយកូនចៅរងគ្រោះទ្រាំមិនបាន ក៏ប្តឹងទៅស្នងការដ្ឋានខេត្តរតនគិរី អគ្គស្នងការដ្ឋាននិងក្រសួងមហាផ្ទៃអោយដកបញ្ឈរជើង ។ ប៉ុន្តែ រយ:ពេល សឹងមិនដល់ ១ដង្ហើមចង្រឹតផង ស្រាប់តែគេឃើញមុខ លោក សម្បត្តិ កុសល មកឡើងជាស្នងការរងម្នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឯណេះឆ្កុយ ។

ករណីនេះ អ្នកសារព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីលោកផ្កាយ១ លោក សម្បត្តិ កុសល និងលោកស្រី រ៉ាំង ភីរម្យ ជាភរិយា ព្រោះមិនមានលេខទូរស័ព្ទ ។

សូមរំលឹកផងដែរ៖ ក្រោយការផ្សាយរបស់សារព័ត៌មានជាច្រើន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅកាន់សារព័ត៌មាន  ដោយបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យពិតប្រាកដមែន។ ជាមួយគ្នានេះ អ្នកនាំពាក្យ បានបញ្ជាក់ថា រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញពុំទាន់ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះណាមួយនៅឡើយទេ។

យ៉ាងណាក្នុងសេចក្តីបំភ្លឺព័ត៌មាននេះដែរ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប្រសិនបើមានហេតុការណ៍កើតឡើងដូចការចុះផ្សាយ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យដល់ពលរដ្ឋដែលជាជនរងគ្រោះ អញ្ជើញមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *