នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោកជំទាវ ហោ វ៉ាន់នី ទូច វណ្ណៈ លោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុកមេសាង និងលោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធាន ស.ស.យ.ក. ស្រុកមេសាង បានអញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤ នៅតាមបណ្តោយប្រឡាយរោងតាម៉ន ព្រំប្រទល់ភូមិមេសាង ឃុំរំដេង និងភូមិច័ន្ទគ្រឹស្នា ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
អញ្ជើញចូលរួមពិធីបើកការប្រណាំងទូក ង ស្រុកមេសាង ប្រចាំឆ្នាំ២០២៤ នាឱកាសនោះ មានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុក ព្រមទាំងកីឡាករ កីឡាការិនីចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា រួមមាន ៖ ថវិកា ចំនួន ១ ០០០ ០០០(មួយលានរៀល) និងស្លាកសញ្ញា (Logo) ស.ស.យ.ក. ចំនួន ២៤០ ប្រគល់ជូនលោក ហ៊ន សុផាត សម្រាប់ចូលរួមផ្គត់ផ្គង់កម្មវិធី និងប្រើប្រាស់ផងដែរ៕