បាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់ ត្រូវបានតម្រួត និងទាហានឈុតខ្មៅថៃឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ វិច្ឆិកា ពេលកំពុងជិះម៉ូតូម្នាក់មួយគ្រឿងឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលជាប់សង្ស័យបានលួចយកម៉ូតូចំនួន០៣គ្រឿង បំរុងជិះឆ្លងដែនចូលមកទឹកដីខ្មែរ ។
គេមិនទាន់ស្គាល់អត្តសញ្ញាណពលរដ្ឋខ្មែរទាំង០៣នាក់ ដែលត្រូវ សមត្ថកិច្ចថៃឃាត់ខ្លួននោះនៅឡើយទេ ។ នេះបើយោងតាមសេចក្ដីរាយណ៍ ប៉ុន្តែត្រូវបានគេដឹងថា ជនជាតិខ្មែរទាំង០៣នាក់នោះជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីទឹកដីថៃឆ្ពោះមកកាន់ព្រំដែនខ្មែរ ថៃ ដើម្បីឆ្លងព្រំដែនចូលទឹកដីខ្មែរ តាមច្រករបៀងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង តែត្រូវតម្រួត និងទាហានឈុតខ្មៅថៃស្ទាក់ចាប់បានពេលធ្វើដំណើរឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែនខ្មែរបានប្រាប់ថា ពលរដ្ឋខ្មែរទាំង០៣នាក់នោះត្រូវបានសមត្ថកិច្ចថៃចោទប្រកាន់ថា ពួកគេបានលួចយកម៉ូតូចំនួន០៣គ្រឿងពីស្រុកខ្លងហាត ខេត្តស្រះកែវ ហើយជិះមកកាន់ព្រំដែន ដើម្បីឆ្លងចូលមកទឹកដីខ្មែរក្នុងស្រុកសំពៅលូន ។
ប្រភពដដែលបានបញ្ជាក់ថា ម៉ូតូទាំង០៣គ្រឿងនោះមានម៉ាកហុងដាវ៉េវ ម៉ាកហុងដាស្កុប់ពី និងម៉ាកហុងដា ស៊ី ភី អិច ។
បច្ចុប្បន្ន យុវជនខ្មែរទាំង០៣នាក់កំពុងត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនសួរនាំ និងដកហូតយកម៉ូតូ ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់ នៅស្រុកថៃហើយ ។ នេះមិនមែនជាលើកទី១ ទេ ដែលមានប្រជាពលរដ្ឋឆ្លងដែនចូលទៅប្រទេសថៃ ក្នងគោលបំណង្រព្រឹត្តអំពើទុចរិតដូចខាងលើនេះ ។ នេះបើតាមប្រភពមានពីអ្នកស្រុកសំពៅលូន ។
ប្រភពបានឲ្យដឹងថា សព្វថ្ងៃនេះតាមបណ្ដាច្រករបៀងនានា ជាប់ព្រំដែនខ្មែរ ថៃ ក្នុងស្រុកសំពៅលូន មានបទល្មើសរត់ពន្ធឆ្លងដែនច្រើនសម្បើមណាស់ ។ ជារឿយគេឃើញក្រុមជនសង្គមងងឹតបានលួចនាំចូលម៉ូតូពីប្រទេសថៃ ដោយខុសច្បាប់ឆ្លងតាមច្រករបៀង ។
រីឯទំនិញដែលជនខិលខូចមួយចំនួនដែលគេស្គាល់ថា មានទាំងសមាសសភាពសមត្ថកិច្ចមានអំណាចផងពួកជនទុច្ចរិតទាំងនោះបានលួចនាំទំនិញដោយខុសច្បាប់ឆ្លងអូរព្រំដែន តាមច្រករបៀងនានានៅតំបន់នោះដែរ ចេញពីទឹកដីខ្មែរ ចូលទឹកដីថៃ មានដូចជា «ស្រាបៀរ និងបារី»។ មេខ្លោងដែលនាំទំនិញខុសច្បាប់ចេញទៅប្រទេសថៃ និងនាំទំនិញខុសច្បាប់ពីថៃចូលមកទឹកដីខ្មែរទាំងនោះត្រូវគេស្គាល់ច្បាស់ មានទាំងឈ្មូញស៊ីវិល មានទាំងឈ្មូញកងកម្លាំងសមត្ថកិច្ចដែលមានអំណាចនៅក្នុងតំបន់ព្រំដែន៕