ឯកឧត្តម វង្សី វិស្សុត ជួបសំណេះសំណាលលើកទឹកចិត្តបងប្អូនកីឡាករទូក(ង)មកពីខេត្តកំពង់ធំនៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្ត

កំពង់ធំ÷នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម {វង្សី វិស្សុត} ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនជាកីឡាករទូក(ង) ទាំងអស់មកពីខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត និងសាកសួរសុខទុក្ខ នៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្ត។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម {វង្សី វិស្សុត} បានថ្លែងនូវការកោតសរសើរដល់បងប្អូនកីឡាករប្រណាំងទូកងទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យតាមបច្ចេកទេសរៀងៗខ្លួន ហើយទទួលបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ នៅក្នុងការចូលរួមប្រណាំងទូក(ង) រយៈពេល ២ថ្ងៃមកនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ និងលើកទឹកចិត្តដល់កីឡាករមកពីខេត្តកំពង់ធំទាំងអស់ សូមឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជំនះនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃផ្តាច់ព្រ័ត្រជាបន្តទៀត ដើម្បីនាំយកនូវកិត្តិយសដល់ខេត្តកំពង់ធំយើង ក៏ដូចភូមិឃុំយើង វត្តយើង និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នាផងដែរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ រួចត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់យើងវិញប្រកបដោយសុវត្ថិភាព និងមោទនភាព។ ក្នុងឱកាសនេះផងដែរ លោកបាននាំយកនូវភេសជ្ជៈប៉ូវកម្លាំង សម្រាប់ជូនដល់បងប្អូនកីឡាករ បន្ថែមលើការឧបត្ថម្ភនាពេលកន្លងមកផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៤នេះ ខេត្តកំពង់ធំមានទូកងសរុបចំនួន ៩និងមានកីឡាករចំនួន៧៥៦នាក់ បានឡើងមកចូលរួមប្រណាំងថ្នាក់ជាតិនៅទន្លេចតុមុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបាននិងកំពុងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ទូក(ង)ទាំង៩ មានឈ្មោះ ដូចតទៅ៖
១-ចំប៉ាពិសីសែនជ័យ
២-ពោធិ៍អណ្តែតធិបតីសែនជ័យ
៣-ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង
៤-តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ ៥-សែនសិរីមានជ័យ
៦-ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក
៧-ស្រីស្រស់ស្ទឹងសែន
៨-តេជោសែនជ័យបារមីវត្តកងមាស និង ៩-ច័ន្ទមណីគគីរមានជ័យ៕ដោយលោក សំនៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *