ខេត្តកំពង់ធំ÷រថយន្តទេសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខេបូលីង មានមនុស្សចំនួន ១៥ នាក់បានក្រឡាប់ធ្លាក់ស្រែ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៨ នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃអាទិត្យ ទី ១៧ វិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៨-២១៩ ស្ថិតនៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
រថយន្តដែលកើតហេតុគឺប្រភេទ ហាយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-7983 ដឹកអ្នកដំណើរទៅក្នុងទិសដៅពីភ្នំពេញទៅខេត្តសៀមរាប។ រថយន្តនេះបើកបរដោយលោក រត្ន័ សុធី ភេទប្រុស អាយុ ៤៤ ឆ្នាំ។
នៅពេលមកដល់ចំណុចកើតហេតុ គេឃើញថារថយន្តបានក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស ៨ នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់រងរបួស។
បច្ចុប្បន្ន មន្ត្រីសន្តិសុខ និងស្ថាប័នពាក់ព័ន្ធកំពុងស្រាវជ្រាវច្បាស់លាស់ស្តីពីមូលហេតុ និងអនុវត្តនីតិវិធីចាំបាច់សម្រាប់ការគ្រប់គ្រងស្ថានការណ៍នេះ៕ដោយលោក សំនៀង