សមត្ថកិច្ចខេត្ត​ព្រះវិហារនិងស្ទឹងត្រែង​បើកប្រតិ​បត្តិការបង្ក្រាប​​​​គ្រឿង​ញៀន ​ចំនួន៣០​បេ​ ទម្ងន់​ប្រហែលជា​៦០០​គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន ​​៤​​នាក់

ស្ទឹងត្រែង​ ៖​ ជនបរទេស​ចំនួន​៤នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​បើក​​ប្រតិបត្តិការ​បង្ក្រាប​លើករណីគ្រឿងញៀន​ឆ្លង​ដែន​ទ្រង់ទ្រាយ​ធំមួយ​ ។ តាមប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ​ក្នុង​ប្រ​តិប​ត្តិ​ការ​នេះ កម្លាំង​សមត្ថកិច្ចបាន​តាមដាន​ក្រុម​ឧក្រិដ្ឋជន​យ៉ាង​ស្វិតស្វាញ ដោយ​មានការ​សហ​ការ​ពី​កម្លាំង​ថ្នាក់​ជាតិ និង​​កម្លាំង​នគរបាល​ចំនួន​២​ខេត្ត គឺ​ខេត្តព្រះវិហារ​និង​ខេត្តស្ទឹងត្រែង​ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​ដោយជោគជ័យ​ចាប់​យក​វត្ថុ​តាង ​និង​ក្រុម​ឧក្រិដ្ឋជនជនបរទេស​ចំនួន​៤​នាក់​។

ប្រភព​ដដែល​បន្ត​ ការ​បង្ក្រាប​នោះកម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​ដំ​ណាក់​កាល​នីមួយ​ៗ​ ជំហាន​ដំបូង​នៅថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​១០​នាទី កម្លាំង​ប្រចាំការ​នៃ​អនុ​គណៈ​កម្មការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន សហការ​ជាមួយ​លោកវរ​សេនីយ៍ឯក វ័​រ វុ​ទ្ធា នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧) បាន​ដឹកនាំ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនដោយ​មានការ​សម្របសម្រួល​ពី​លោក ទី សុ​វិ​ន​ថា​ល់ ព្រះរាជអាជ្ញា​នៃ​អយ្យកា​អមសាលាដំបូង​ខេត្តព្រះវិហារ​បាន​បញ្ជា​ឲ្យ​លោក ស្រេង​វុ​ទ្ធា ព្រះរាជ​អាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ដឹកនាំ​ផ្ទាល់​សហការ​សម្របសម្រួល​ជាមួយ ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញានៃ​អយ្យកា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែងចូលរួមសហការ​ដោយ​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​វិហារ និង​ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង កម្លាំង​ទំនាក់ទំនង​ព្រំដែន​(BLO)កំពង់​ស្រឡៅ​, កម្លាំង​វរៈនគរបាល​ការពារ​ព្រំដែនប្រចាំការ​នៅ​កំពង់ស្រឡៅ​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​មាន​០៣​គោលដៅ​ ។

ប្រភព​បន្ត​ថា ​គោលដៅ​ទី​១៖​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​១០​នាទី ដោយ​យោង​តាម​ព័ត៌មាន​របស់​ភ្នាក់ងារសម្ងាត់​បាន​រាយការណ៍​ថា​ មានមុខ​សញ្ញា​បាន​នឹង​កំពុង​ដឹក​ជញ្ជូន គ្រឿងញៀនចំនួន​៣០​បេ​ ។ ប្រភព​បង្ហើប​ថា ​សារធាតុ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន៣០​បេ​នោះ​ អាច​មាន​ទម្ងន់​ប្រហែលជា​៦០០​គីឡូក្រាម​ដាក់តាម​រថយន្ត​នៅ​ចំណុច​ខ្ទម​អ្នកតា ស្ថិត​នៅ​ភូមិ​កំពង់ពោធិ៍ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ យក​ទៅ​ប្រគល់​អោយ​មុខសញ្ញា​ចាំ​ទទួល​នៅ ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង បន្ទាប់​មក ​កម្លាំង​សមត្ថ​កិច្ច​ជំនាញ​ក៏​បាន​សុំ​គោលការណ៍ពី​ថ្នាក់ដឹកនាំ​បន្ត​ទៅ​ខេត្តស្ទឹងត្រែង ដើម្បី​បង្ក្រាប ​។

​គោលដៅ​ទី​២៖ ឈាន​ចូល​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង០២​និង​៣០​នាទី កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​, កម្លាំង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដោយ​លេចមុខ​សញ្ញា​ទៅ​ធ្វើការ​ប្រគល់​-​ទទួល នៅ​ចំណុច​មុខ​ស្ថា​នី​ប្រេង​ឥន្ទ​នៈ​តេ​លា​មេគង្គ​តាម​ប​ណ្តោយ​ផ្លូវជាតិ​លេខ​៩ ស្ថិត​ក្នុងភូមិ​អូរ​ត្រែល ឃុំ​ថា​ឡាប​រី​វ៉ា​ត់ ស្រុក​ថា​ឡាប​រី​វ៉ា​ត់ ខេត្តស្ទឹងត្រែង ភ្លាម​នោះ​សមត្ថកិច្ច​យើង​បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១.​ឈ្មោះ ខាំ ឡេ​ហឺ (KHAM LEE HER) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ឡាវ កាន់​លិខិតឆ្លងដែន​លេខ P3138543​។​ទី​២.​ឈ្មោះ សា​ឡាំ ផុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ ព្រមទាំង​ចាប់​យក​វត្ថុ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣០​ប៉េ និង រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក TOYTA Hilux Rally ពណ៌​ស​ពាក់​ស្លាក​លេខ 2AT-5389 ទូរស័ព្ទ​ចំនួន​០២​គ្រឿងលិខិតឆ្លងដែន​០១​ច្បាប់ ​។

​គោលដៅ​ទី​៣៖ ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​០៣​និង​៤០​នាទី នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​រាជា​នគរ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ បន្ថែម​១.​ឈ្មោះ MR. JAROEN SAE LAO ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ កាន់​លិខិតឆ្លងដែន​លេខ AC7483332 ២.​ឈ្មោះ អៀ ថរ (IA THO) ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ឡាវ កាន់​លិខិតឆ្លងដែន​លេខ P2969632 រថយន្ត​០១​គ្រឿង ម៉ាក TOYOTA Hilux Revo ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-6505 ទូរស័ព្ទដៃ​០២​គ្រឿង​លិខិតឆ្លងដែន​០២ច្បាប់​ ។

​បច្ចុប្បន្ន​ ជនសង្ស័យ​ចំនួន​០៤​នាក់ ជនជាតិ​ថៃ​០២​នាក់ ជនជាតិ​ឡាវ​០២នាក់ និង​វត្ថុ​តាង​ខាងលើ បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​បន្ត​នីតិវិធី​៕

 

 

 

 

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *