ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៦ឆ្នាំមុន) គឺជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
៧ មករា ៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនផងដែរ។
ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” និងប្តេជ្ញាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃរបស់សម្តេចទាំងបី និងវីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃនេះ៕