កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ..!

បន្ទាយមានជ័យ÷នៅវេលាម៉ោង១១និង០០នាទី   ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ វណ្ណា សុជាតា ស្តីពីករណីលួចម៉ូតូ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខ បាត់ដំបង 1AV-4351 ចំនួន០១គ្រឿង និងទូរស័ព្ទដៃម៉ាក OPPO ចំនួន០១ គ្រឿង កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយមកនៅវេលាម៉ោង១៤ និង៤៥នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបាននាំជនសង្ស័យចំនួន០១នាក់ ឈ្មោះ{ សត ស៊ីម} ភេទស្រី អាយុ២៧ឆ្នាំ ដែលបានលួចម៉ូតូខាងលើ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី {នួន នីណារ៉ូ} មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយសួរនាំរួចជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ក្រោយជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ព្រោះម្ចាស់ម៉តូជាសង្សារបស់ខ្លួន (ស្រីស្រលាញ់ស្រី)។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក {ម៉ែន ភិរម្យ} មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី{ បោន ប៊ិន} មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម {កើត វណ្ណារ៉េត} ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *