លោក ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្ដាល ត្រូវបានដកមុខ តំណែង ឱ្យមក ជាមន្ត្រី ព្រោះ សម្បូររឿងអាស្រូវ ..!?

កណ្ដាល៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិពី ឧត្តមសេនីយ៍ត្រី {អុល ប៊ុណ្ណា} នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញអង្គភាពអ្នក សារព័ត៌មាន ទើបទទួលបាននៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ។

នៅក្នុងព្រះរាជក្រឹត្យ៖
មាត្រា១៖ បន្ថយឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី {អុល ប៊ុណ្ណា }អត្តលេខ ៦១៧៤៣ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
មាត្រា២៖ សម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
បើតាមប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានសម្រេច៖
ប្រការ១៖ ត្រូវបានអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អគ្គលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រការ២៖ សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែ ប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។
បើយោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ របស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រេច៖
ប្រការ១៖ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ ឧត្តមសេនីយ៍ត្រី{ អុល ប៊ុណ្ណា} អត្តលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
ប្រការ២៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
គួររំលឹកថា អតីតស្នងការរងនគរបាលខេត្តកណ្តាលលោក{ អុល ប៊ុណ្ណា }ក៏ធ្លាប់ត្រូវបានឈ្មោះ{ ប៊ុន ចាន់សុទ្ធា} ប្តឹងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ពីរឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សា លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ហើយលោក {សេង រិទ្ធី }ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលក៏ធ្លាប់បានចេញដីកាកោះហៅឈ្មោះ {អ៊ុល ប៊ុណ្ណា} ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរជា ជនសង្ស័យ ទីលំនៅ ភូមិព្រែកត្រែង សង្កាត់សិល្បៈ ក្រុងតាខ្មៅ ខេត្តកណ្តាលឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨៖៣០នាទីព្រឹកដើម្បីសាកសួរពីដំណើរ
រឿង បំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាម ពាក្យបណ្តឹងរបស់ឈ្មោះ {ប៊ុន ចាន់សុទ្ធា} កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ផងដែរ។
បើតាមប្រភពច្បាស់ការណ៍មួយផ្សេងទៀតបានឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងអតីស្នងការរងនគរបាលខេត្តកណ្តាល លោក{ អុល ប៊ុណ្ណា} រូបនេះ ក៏កំពុងត្រូវបានជនរងគ្រោះប្ដឹងទាមទារយកលុយពីថ្លៃរត់ការចូលក្របខណ្ឌមកវិញទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយមន្ត្រីជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក៏បានបញ្ជូនពាក្យបណ្ដឹងខាងលើនេះទៅកាន់អយ្យការអមសាលដំបូងខេត្តកណ្ដាលរួចរាល់ហើយដែរ។
គួរជម្រាបថា លោក {អុល ប៊ុណ្ណា} គឺនៅបម្រើការជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមិនមែនជាស្នងការរងនគរបាលខេត្តកណ្តាលទៀតទេ៕ដោយ លោក វង់ សុខ រដ្ឋា អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *