ដៃខំអនុវត្ត មាត់ខំផ្សព្វផ្សាយ៖ ពីរសប្ដាហ៍នេះ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផ្សព្វផ្សាយបានជិត៦ពាន់លើក ពលរដ្ឋចូលរួមជាង២សែននាក់!

ត្រឹមរយៈពេល២សប្ដាហ៍នៃខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីពាក់ព័ន្ធបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពយ៉ាងសកម្ម ដោយរៀបចំបានចំនួន៥,៩៧៧លើកនៅទូទាំងប្រទេស និងមានអ្នកចូលរួមប្រមាណ២៥៥,៥២៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ឱ្យដឹងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយទាំងនោះ ភាគច្រើនបានធ្វើឡើងនៅតាមវេទិកាសាធារណៈ និងកម្មវិធីជួបជុំផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមានការចូលរួមផ្សព្វផ្សាយទាំងពីថ្នាក់ដឹកនាំ និងមន្រ្តីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជាពិសេសមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល។

នៅពេលប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថាភាគច្រើនប្រជាពលរដ្ឋនឹងចូលរួមគាំទ្រការអនុវត្តលក្ខណៈសម្បត្តិទាំង៧នៃគោលនយោបាយ ជាអាទិ៍ ចូលរួមរាយការណ៍អំពីករណីបទល្មើសនានា ដូចជាករណីលួច ករណីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។

គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង ដោយកំណត់អំពីការងារសំខាន់ៗពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ ដូចជាការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។

គោលនយោបាយនេះ ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *