ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ នាថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២៥ នាពេលខាងមុខឆាប់ៗនេះ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានមានប្រសាសន៍លើកឡើងថា ៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃ លិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ អោយកាន់តែល្អប្រឡើងឡើង លោកជំទាវ បានណែនាំអោយមន្ត្រីជំនាញ សហការជាមួយ យុវជន សសយក ខេត្ត បន្តធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ ជាពិសេសនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២៥ នាពេលខាងមុខ។
ឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ+
អន្តរជាតិ៕អត្ថបទ ដោយ លោក ÷ស សារឿនអង្គភាព ប្រម៉ាញ់ជាយដែន