ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២

 

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤–២០២៨» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត {បាន ស្រីមុំ }អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនេះ លោកជំទាវបណ្ឌិត{ បាន ស្រីមុំ} អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេស គឺបងប្អូនដែលមានពិការភាព ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណាម្នាក់នៅឯកានោះទេ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានា ក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណ១,៥ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែ ការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានាដូចជា៖ ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ សម្រាប់កម្ពុជា ការប្រារព្ធទិវាជន មានពិការភាពនេះឡើង គឺដើម្បីរំលឹកពីមហាវិនាសកម្ម ដែលបានកើតឡើង ដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវ ផលវិបាកជាច្រើនដល់សង្គមរួមមានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស ដែលនេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរង ពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ ដូច្នេះការធានាបាននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញ នៃជម្លោះ និងសង្គ្រាមដែលជាកត្តាដ៏ចម្បង នៅក្នុងការកាត់បន្ថយពិការភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌ សម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។ បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្នចំពោះអតីតយុទ្ធជនដែលមានពិការភាព បានទទួលរបបសន្តិសុខសង្គមពីរដ្ឋ ដែលប្រាក់សោធនទាបបំផុត ៨២៥,០០០រៀល និងខ្ពស់បំផុត ១,៨៧៣,៥០០រៀល ជាក់ស្តែក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ អតីតយុទ្ធជនពិការខេត្តប៉ៃលិន មានចំនួន១,៧៨២នាក់ ទទួលបានរបបសោធនប្រចាំខែ ចំណាយថវិកាសរុបប្រ មាណ ១,៣៣៥លានរៀល ក្នុងនោះចាប់ ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនមានពិការភាព ចំនួន ២០ខ្នង៕អត្ថបទ ដោយ លោក ស សារឿនអង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *