កំពង់ធំ÷ប្រជាពលរដ្ឋនៅខេត្តកំពង់ធំម្នាក់ បានរងរបួសធ្ងន់ និងហូរឈាមពេញខ្លួន បន្ទាប់ពីត្រូវមន្ត្រីនគរបាលមូលដ្ឋានប្រើហិង្សាលើ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ត្រីដែលត្រូវបានចោទប្រកាន់ពីប្រើអំពើហឹង្សាលើប្រជាពលរដ្ឋ ត្រូវបាននាំខ្លួនមកសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រមទាំងផ្អាកការងារបណ្ដោះអាសន្ន។
មន្ត្រីនគបាលដែលរងការចោទប្រកាន់នោះត្រូវបានគេស្គាល់ឈ្មោះថា ជា ធឿង មានតួនាទីជារងប៉ុស្តិ៍ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឧបទ្ទវហេតុប្រើអំពើហិង្សាពីមន្ត្រីនគបាលស្រុកបារាយណ៍ទៅលើប្រជាពលរដ្ឋ បានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបណ្តាញព័ត៌មានផ្សេងៗដោយបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការប្រព្រឹត្តរបស់មន្ត្រីនគបាល។
មតិសាធារណជនបានចាត់ទុកឧបទ្ទវហេតុប្រើអំពើហិង្សានេះថាជាអំពើឃោរឃៅលើពលរដ្ឋដោយមន្ត្រីនគបាល ព្រោះខ្លួនបានសន្យាថានឹងបម្រើ និងការពារសហគមន៍៕ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន