អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្ទើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្តល់ដោយវិទ្យុ RFI ដែលបានលើកឡើងថាការរង់ចាំយូរម៉ោងយ៉ាងកកកុញក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះបណ្តាលមកពីតម្លៃបោះត្រាចូលមកកម្ពុជាមានភាពមិនប្រក្រតី។
ពាក់ព័ន្ធនឹងព័ត៌មានដែលបានចេញផ្សាយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា រាល់ការបោះត្រាចូល ចេញ ប្រទេសកម្ពុជា ជូនភ្ញៀវជាតិ អន្តរជាតិ និងពលករខ្មែរនៅតាម ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ដូចជានៅតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិនានារបស់ភាគីកម្ពុជាពុំមានបង់ប្រាក់ឬការយកកម្រៃសេវានោះទេ។
ដោយឡែកចំពោះការកកស្ទះនិងរង់ចាំយូរ របស់ ពលករខ្មែរគឺនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិរបស់ភាគីថៃ ដែលពលករខ្មែរត្រូវស្នើសុំទិដ្ឋាការ (RE- ENTRY PERMIT) មួយលើកឬច្រើនលើកតាមប្រភេទនិងតម្លៃនៃការស្នើសុំរបស់សាមីខ្លួន ដែលកំណត់ដោយរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រថៃ ដើម្បីរក្សាបានសុពលភាពនៃទិដ្ឋាការការងាររបស់ពលករពេលចេញ-ចូលមក បម្រើការងារនៅប្រទេសថៃវិញ។
ក្នុងការអនុវត្តការងារ មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំង អស់តែងតែខិតខំយកចិត្តទុកដាក់ដោយមិនខ្លាចនឿយហត់ផ្តល់នូវសេវាអន្តោប្រវេសន៍ជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេស ពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ ព្រមទាំងជួយដោះស្រាយបញ្ហានានាគ្រប់ មធ្យោបាយតាមយន្តការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីសម្រប សម្រួលការធ្វើដំណើរចូល ចេញ របស់ភ្ញៀវជាតិ អន្តរជាតិនិងពលករខ្មែរ។ អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបដិសេធទាំងស្រុងនូវការចេញផ្សាយខ្លឹមសារនៅក្នុង វិទ្យុRFI និងការលើកឡើងរបស់បុគ្គលិកអង្គការ CENTRAL ស្តីពីការបង់ប្រាក់និងភាពមិនប្រក្រតីនេះ និងសូម សាធារណៈជនមេត្តាជ្រាបជាព័ត៌មាន។