ឆ្លងចូលឆ្នាំថ្មីក្រុងប៉ោយប៉ែតបួងសួងមុខលោកយាយម៉ៅ ភ្ញៀវទេសចរមកកម្សាន្តស្ទះចរាចរណ៍ 

បន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល ២៩២៥ អាជ្ញាធរក្រុងប៉ោយប៉ែតបានធ្វើពិធីបួងសួងនៅចំពោះមុខលោកយាយម៉ៅ សុំសេចក្តីសុខ និងសេចក្តីចម្រើន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចដើមពោធិ៍យាយម៉ៅ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្នុងឱកាសប្រារពពិធីបួងសួង មានវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមន្ត្រីរាជការ កងកម្លាំង បានចូលរួម ។ ក្នុងពិធីនោះ លោក គាត ហ៊ុល លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានប្រារពធ្វើពិធីបួងសួងបែបន់ចំពោះលោកយាយម៉ៅនៅដើមពោធិ៍យាយម៉ៅ ខណៈឆ្នាំចាស់កន្លងផុតទៅចូលឆ្នាំ២០២៥ សុំបានសេចក្តីសុខ សេចក្តីចម្រើន ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ទទួលបានសុខភាពល្អ កម្លាំងពលំមាំមួន សុំជៀសឱ្យផុតរាល់គ្រោះថ្នាក់កើតឡើងទាំងឡាយទាំងពួង ។ លោកបានសុំឱ្យឆ្នាំ២០២៥នេះ ប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ដែលដឹកនាំនាវាកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ និងមាតុភូមិកម្ពុជាបានសុខសន្តិភាព ។

ក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនពីលោកយាយម៉ៅ បានរៀបចំពិធីរាប់បាតដល់ព្រះសង្ឃ ដែលនិមន្តក្នុងកម្មវិធីជាច្រើនអង្គ ។ គួររំលឹកថា ដើមពោធិ៍យាយម៉ៅជាប់ផ្លូវជាតិលេខ៥ គឺបានចាត់ទុកជាបារមីស័ក្តិសិទ្ធិ ដែលត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការមានជំនឿនៅពេលឆ្លងកាត់ តែងឈប់ទិញផ្កា ធូប ទៀន ចេក ដូងថ្វាយពេលឆ្កងកាត់មិនដែលរំលងឡើយ ។ មានការកត់សម្គាលដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៥នេះ នៅក្រុងប៉ោយប៉ែតជាប់ជាយដែនថៃ ការរៀបភ្លើងពណ៌តាមដងផ្លូវក្នុងបរិវេណកាស៊ីណូ ជាការទាក់ទាញភ្ញៀវយ៉ាងចិញ្ចែងចិញ្ចាច ។ ជាក់ស្តែងពេលរាត្រីនៅក្រុងប៉ោយប៉ែត ទិដ្ឋភាពភ្លើងចម្រុះពណ៌នៅបរិវេណកាស៊ីណូពិតជាស្អាត ធ្វើឱ្យទាក់ទាញការទៅលេងកម្សាន្តច្រើនកុះករជាបណ្តើរៗ ។

ប្រជាពលរដ្ឋបានកោតសរសើរទឹកដីប៉ោយប៉ែតជាប់ជាយដែន ជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយមានជនបរទេសចម្រុះពូជសាសន៍កំពុងស្នាក់នៅរកស៊ី ធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការប្រែប្រួលយ៉ាងឆាប់រហ័ស មានការរីកចម្រើនសដ្ឋកិច្ចគ្រួសារ ។ អាជ្ញាធរក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត មានការរីកចម្រើនលើវិស័យភ្ញៀវជាតិ និងអន្តរជាតិច្រើន នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៥ ឃើញបរិវេណកាស៊ីណូ តាមភោជនីយដ្ឋាន អាហារដ្ឋាននានា ត្រូវបានរៀបភ្លើងពណ៌សម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្ត ។

ឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិច្រើនម៉ឺននាក់ចូលរួមរីករាយ ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិច្រើនម៉ឺននាក់ទៅលេងកម្សាន្តនៅបរិវេណកាស៊ីណូ បង្កឱ្យមានការកកស្ទះពេញផ្លូវចេញ-ចូលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ។ គេសង្កេតឃើញថា ភ្ញៀវដែលទៅលេងភាគច្រើនគឺនៅផ្សារទឹកពុះ និងអង្គុយលេងនៅបរិវេណ កាស៊ីណូផ្កាយប្រាំ រង់ចាំមើលការដុតកាំជ្រួចនៅរាត្រីឆ្លងឆ្នាំផ្ទុះលាន់សូរទ្រហឹងពេញផ្ទៃមេឃ ។ ប្រជាពលរដ្ឋបានប្រាប់ថា បុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៥នេះ គេសង្កេតឃើញថា ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅក្រុងប៉ោយប៉ែត ពិតជាមានចំនួនច្រើនម៉ឺននាក់ ដែលភាគ ច្រើននាំគ្នាទៅទិញម្ហូបអាហារ នំចំណី មកហូបជាលក្ខណៈគ្រួសារនៅបរិវេណកាស៊ីណូ ខ្លះទៀតនាំគ្រួសារទៅហូបអាហារនៅផ្សារទឹកពុះ ឯអ្នកដែលមានលទ្ធភាពចូលហាងនៅម្តុំដើមស្រល់ និងទៅមើលការប្រគុំតន្ត្រីមានថ្នាក់ជាតិ និងអន្តរជាតិ២ទៅ៣កន្លែង ។ ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៥ ក្រុងប៉ោយប៉ែតធានាបានសន្តិសុខល្អ តែសណ្តាប់ធ្នាប់បង្កឱ្យភ្ញៀវជួបការលំបាកធ្វើដំណើរចេញ-ចូលផ្លូវបរិវេណកាស៊ីណូផ្កាយប្រាំ បណ្តាលឱ្យកកស្ទះចរាចរណ៍រាប់ម៉ោង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *