អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក  បានទទួលអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ..!?

កំពង់ធំ ÷នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន២០គ្រួសារ បានទទួលអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ  តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ទាំងអស់ និងក្រុមគ្រួសារ​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០២៥​ នេះ​សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ  និងសុភមង្គលគ្រប់ពេលវេលា   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ត្រូវថែទាំសុខភាព  រស់នៅស្អាត  មានអនាម័យ  ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ និងត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ  គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២០គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។

បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ទាំងអស់ ដែលតែងតែជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *