កងរាជអាវុធហត្ថ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​៣​រូប

​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ក្រោយ​ពី​មន្ត្រី​នគរបាល​យុត្តិធម៌បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​៣​រូប ។

កង​រាជរាជ​អាវុធហត្ថ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដាក់​ចេញ​​នូវ​ទិស​ស្លោក «​ចំពោះ​ប្រទេស​ជាតិ​ត្រូវ​តែ​ការពារ ចំពោះ​ប្រជា​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប​»​ហើយ​យោធិន​នៃ​កងរាជអាវុធហត្ថ​ត្រូវ​តែ​បាន​អប់រំ និង​ត្រូវ​តែ​អនុវត្ត​ទិស​ស្លោក​នេះ ឱ្យ​ខ្ជាប់ខ្ជួន ដើម្បី​ជា​គំរូ​ក្នុង​នាម​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ប្រសិនបើ​បុគ្គល​ណា​មិន​គោរព ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន​។

ជាក់ស្តែង កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឃើញ​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឃាតកម្ម និង​បទល្មើស​គ្រឿងញៀន​ចំនួន​៤​នាក់ ហើយ​តាម​ការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំងនោះ ក៏​ឈាន​ដល់​ឃាត់ខ្លួន​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​២​រូប ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ស៊ីសំណូក និង​ធ្វើ​ឱ្យ​បែកការ​សម្ងាត់​ក្នុង​ការ​ស៊ើបអង្កេត ។

ហើយ​ដែល​កងរាជអាវុធហត្ថ​អនុវត្ត​តាម​ទិស​ស្លោក បើ​មិន​គោរព​ច្បាប់ ប្រព្រឹត្ត​បទល្មើស​ត្រូវ​តែ​បង្ក្រាប និង​អនុវត្ត​តាម​ច្បាប់ មិន​មានការ​យល់យោគ​ទេ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា យោងសេចក្តី​រាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល អំពី​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ឃាតកម្ម និង​បទល្មើស​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ខេត្តកណ្តាល​, ខេត្តកំពង់ឆ្នាំង​, រាជធានី​ភ្នំពេញ​, ខេត្តតាកែវ​, ព្រមទាំង​ឈាន​ដល់​ការ ឃាត់ខ្លួន​នាយទាហាន​នៃ​កង​រាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​៣​រូប​៖ ២​រូប​បញ្ជូន​ទៅ​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ និង​១​រូប​ទៀត បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដើម្បី​អនុវត្ត​វិន័យ​ទណ្ឌកម្ម​តាម​បទ​វិន័យ​ទូទៅ​សម្រាប់​កង​យោធពលខេមរភូមិន្ទ ។

ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង​នៃ​កង យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នៅ​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ពាក់ព័ន្ធ នឹង​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ​រហូត​ដល់​ស្លាប់ និង​ពាក់ព័ន្ធ​នឹង​អំពើ​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​ប្រមាណ​៧​គីឡូក្រាម​, អាវុធ​វែង​កែ​ច្នៃ​ចំនួន​១​ដើម​, អាវុធ​ខ្លី ចំនួន​១​ដើម​, កាំភ្លើង​បាញ់​សត្វ​ចំនួន​១​ដើម​, សម្ភារ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ចំនួន និង​ជនសង្ស័យ​ទាំង​៤​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ និង​ស្តាប់​ចម្លើយ​ជនសង្ស័យ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ បាន​សុំ​គោលការណ៍​ដឹកនាំ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្ត​អនុវត្ត​នីតិវិធី ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចំនួន​៣​រូប ។

អ្នកនាំពាក្យ​បាន​បន្ត​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ផ្អែក​តាម​ឯកសារ​ភស្តុ​តាង​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៥ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ង៉ែត ចាន់​ធី និង​ឈ្មោះ ស៊ិ​ន សុ​វ​ណ្ណា​រិ​ទ្ធ ពាក់ព័ន្ធ​នឹង​បទល្មើស​ស៊ីសំណូក (​ទទួល​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប បទល្មើស​គ្រឿងញៀន​, ល្បែងស៊ីសង​ខុសច្បាប់ និង​ធ្វើ​ឱ្យ​បែកការ​សម្ងាត់​ក្នុង​ការ​ស៊ើបអង្កេត​) ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ចំពោះ​ឈ្មោះ លុយ សា​រ៉ុ​ម ហៅ លុយ សា​រុំ មិន​មាន​ពាក់ ព័ន្ធ​នឹង​បទល្មើស​ស៊ីសំណូក ប៉ុន្តែ​បុគ្គល​នេះ​គ្មាន​ការ​ទទួលខុសត្រូវ​ចំពោះ​តួនាទី ភារកិច្ច បាន បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​វិញ ដើម្បី​អនុវត្ត​វិន័យ​ទណ្ឌកម្ម​៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *