លោក ស៊ុន ចាន់ថុល​៖ សង់​ផ្លូវ​មាន​គុណភាព​ល្អ រឹងមាំ ជាប់​បាន​យូរ ជា​ចក្ខុវិស័យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

(​កណ្តាល​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​សៅរ៍ ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជិះ​កង់​ចុះ​ពិនិត្យ​មើល​គុណភាព និង​ការសាងសង់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​ពហុ​កីឡដ្ឋាន​ស្រុក​កោះធំ រហូត​ដល់​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន (​ព្រំប្រទល់​ប្រទេស​វៀតណាម​) ស្ថិតក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី មន្ត្រីរាជការ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ក្នុង​ដំណើរ​ជិះ​កង់​ចុះ​ត្រួតពិនិត្យ​គុណភាព​ស្ថានភាព​សាងសង់​ផ្លូវ​ជាតិ​លេខ​២១​នេះ បាន​រកឃើញ​ថា​ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវ​នេះ​សាងសង់​មិន​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​។ ក្នុង​នោះ​ត្រង់​ចំណុច​ដែល​បាន​ជួសជុល​រួច​មាន​ស្នាម​បែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង និង​កំពុង​ទទួល​រង​ការខូចខាត​បណ្តើរៗ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លែង​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​រហូត​ទៀតហើយ តែ​ទទួល​យក​ផ្លូវ​រឹងមាំ និង​មាន​គុណភាព​ខ្ពស់​តាម​ស្តង់ដា​អន្តរជាតិ​។

​ទន្ទឹមនឹងនេះ លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​គោលជំហរ​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​លើ​ការសាងសង់​ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​ផ្លូវ​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។​

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ត្រូវ​តែ​ធ្វើការ​ដោយ​ផ្ដោត​លើ​គុណភាព​ជា​ចម្បង ពោល​គឺ​ត្រូវ​តាមដាន​គុណភាព​សាងសង់​តាំងពី​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ រហូត​ដល់​ការ​ប្រគល់​ទទួល​។​

​លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ និង​ក្រុម​ការងារ​បច្ចេកទេស​សាងសង់​ផ្លូវ​ពិនិត្យឡើងវិញ នូវ​វិធានការ និង​នីតិវិធី​សាងសង់​ឱ្យ​បាន​ម៉ត់ចត់​។

​ជាពិសេស​គម្រោង​សាងសង់​ផ្លូវ​កំពុង​អនុវត្ត​នានា ធ្វើយ៉ាងណា​ឱ្យ​គុណភាព​ផ្លូវ​មាន​ភាពរឹងមាំ ប្រើប្រាស់ ជាប់​បាន​យូរ ស្រប​តាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា «​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់យក​គោលការណ៍​ធ្វើ​ផ្លូវ​ឱ្យ​ជាប់​រឹងមាំ មិនមែន​ធ្វើ​ផ្លូវ​ជាប់​រហូត​ទេ​»​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន សូម​ចូលរួម​គោរព​ច្បាប់ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ កុំ​ដឹកទំនិញ​លើ​ទម្ងន់​កម្រិត​កំណត់ និង​ត្រូវ​មាន​បណ្ណ​បើកបរ​តាម​ប្រភេទ​យានយន្ត សម្រាប់​អ្នកបើកបរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រសួង​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាញ​យក​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE Mobile App ដើម្បី​ប្រើប្រាស់​ក្នុង​ការរាយការណ៍​ផ្លូវ​ជង្ហុក​សំបុកមាន់​និង​ផ្លូវ​ខូច និង​បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទី​រទាំង​២៥​រាជធានី​-​ខេត្ត​ទាំងអស់ ទទួលខុសត្រូវ​ចំពោះ បណ្តាញ​ផ្លូវថ្នល់​ដែល​ឋិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន មិន​ថា​ផ្លូវ​នោះ​ជា​ផ្លូវ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន ណា​ជា​អ្នក​សាងសង់​ទេ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *