(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធាន គណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្ត រួមជាមួយ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងញៀន “២៦ មិថុនា ២០១៩”។
សមាសភាពអញ្ជើញ ចូលរួមនាពេលនេះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មេឃុំ នាយប៉ុស្តិនគរបាល ទូទាំងស្រុកឈូក ដងទង់ ជុំគីរី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួន ១៨៩៨នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀននេះ គឺពិតជាមានអត្ថប្រយោជន៏ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបណ្តារដ្ឋជា សមាជិកទាំង អស់នៅលើសកលលោក តែងប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ក្រោមប្រធានបទ”សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បី សុខភាព” ដើម្បីពញ្ញាក់ស្មារតី និងដាស់តឿន ក្រើនរំលឹកដល់ ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែ សកម្មថែមទៀតក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ប្រកបដោយការ ទទួលខុសត្រូវ ឈានទៅសម្រេចតាមខ្លឹម សារពាក្យស្លោក “ចូលរួមលុប បំបាត់គ្រឿងញៀន ដើម្បីអនាគត កូនចៅយើង”។
លោក អភិបាលខេត្តបានបន្តថា អំឡុងពេលនេះយើងមាន សេវាព្យាបាលដល់ អ្នករងគ្រោះដោយសារ គ្រឿងញៀន ដោយស្ម័គ្រចិត្ត ដោយផ្អែកលើសហគមន៍ នៅតាមគ្រឹះស្ថាន សុខាភិបាល តាមរយៈយន្ត ការច្បាស់លាស់ដើម្បីដឹក នាំសម្របសម្រួល រាល់បញ្ហាពាក់ព័ន្ធ ប៉ុន្តែការដោះស្រាយបញ្ហា គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព គឺទាមទារចំបាច់នូវការចូលរួម និងការគាំទ្រពីគ្រប់ មជ្ឈដ្ឋាននៃសង្គម ពិសេសមាតាបិតា និងអាណាព្យាបាល ដែលចាត់ទុកជាកម្លាំង អូសទាញមួយដ៏មាន ប្រសិទ្ធភាពបំផុត៕ ដោយលោក សេង ណារិទ្ធ