(ខេត្តកំពត)៖ នៅរាត្រីថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មការរៀបចំបុណ្យ សមុទ្រលើកទី៨ បានអញ្ជើញជា អធិបតីក្នុងពិធី បិទព្រឹត្តិការណ៍បុណ្យ សមុទ្រនៅខេត្តកំពត នៅឯពហុកីឡដ្ឋានខេត្ត។
ពិធីនេះក៏មានការអញ្ជើញ ចូលរួមពី លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ។
ក្នុងពិធីបិទព្រឹត្តិការណ៍ បុណ្យសមុទ្រនេះ លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត កំពតបានមានប្រសាសន៍ថា រយៈពេលបីថ្ងៃនៃពិធី បុណ្យសមុទ្រលើក ទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជាតិ-អន្តរជាតិ ជិតឆ្ងាយបាន អញ្ជើញមកចូលរួម កម្សាន្តប្រមាណ៩០ម៉ឺននាក់។
ក្នុងនោះ សម្រាប់ថ្ងៃដំបូង មានប្រហែល២០ម៉ឺននាក់ ចំណែកថ្ងៃបន្ទាប់ចំនួន ភ្ញៀវបានកើនឡើងរហូត ដល់ប្រមាណ៤០ម៉ឺននាក់ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមាន ប្រហែល៣០ម៉ឺននាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពតពោរពេញ ដោយភាពជោគជ័យ សម្រាប់ជាគំរូដល់ បណ្តាខេត្តដទៃទៀត ភាពជោគជ័យនេះត្រូវបាន សម្តេចតេជោ ហ៊ុន សែន ពោលកោត សរសើរ និងគាំទ្រដ៏ពេញទំហឹង។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា តាមរយៈពិធីបុណ្យដ៏អធិក អធមនេះបានធ្វើឱ្យសាធារណ ជនទូទៅស្គាល់ ខេត្តកំពតកាន់តែច្បាស់ ពិសេសជ្រួតជ្រាប អំពីសក្តានុពលដែល មានទាំងប៉ុន្មានក្នុងខេត្ត ដូចជាការនាំយកផលិតផល ដែលខេត្តដទៃមិន អាចធ្វើបានមកដាក់តាំង បង្ហាញឱ្យភ្ញៀវបាន ឃើញបានស្គាល់នូវ រស់ជាតិដោយផ្ទាល់៕